អ្នកឈឺមុន និង អ្នកឈឺក្រោយ តើអ្នកណាឈឺជាង?
(...សំលេងគោះទ្វា...)
ខ្ញុំបើកទ្វាជាមួយនឹងភាពភ្ញាក់ផ្អើល
ដោយឃើញស្រីម្នាក់ឈរជាមួយវ៉ាលីសនៅមុខបន្ទប់របស់ខ្ញុំ នាងឈរអោនមុខព្រមជាមួយសំលេងខ្សឹតខ្សតដូចជាកំពុងតែយំ។
អ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើលជាងនោះទៅទៀតគេពេលដែលនាងងើបមុខឡើង
គឺមុខស្អាតៗដែលខ្ញុំធ្លាប់ស្គាល់ហើយចាំមិនភ្លេច
នាងគឺជាសង្សារចាស់របស់ខ្ញុំ។
ខ្ញុំ៖
មានរឿងអ្វីហ្នឹង? បាត់មុខយូរណាស់ហើយមិនដែលឃើញមក ពេលមកក៏មកជាមួយទឹកភ្នែក...
នាង៖
យើងត្រូវគ្នាវិញបានទេ?
ខ្ញុំ៖
ចុះសង្សារថ្មីម្នាក់នោះ?
នាង៖
បែកគ្នាហើយ...
ខ្ញុំ៖
ហេតុអ្វី?
នាង៖
គេនោះជាប្រុសអាក្រក់ណាស់…(ព្រមជាមួយសំលេងអួលដើមក)
ខ្ញុំ៖
ពេលចេញទៅ ក្រែងប្រាប់ខ្ញុំថាស្រលាញ់គេ ព្រោះគេជាមនុស្សល្អ
ហើយស្រលាញ់គេខ្លាំងទៀតផងហ៎?
នាង៖
តែពេលនេះគេបែកពីខ្ញុំហើយ...
ខ្ញុំ៖
មនុស្សដែលល្អពេញចិត្ត ហើយក៏ជាមនុស្សដែលខ្លួនស្រលាញ់ខ្លាំង
ហេតុអ្វីក៏អាចបែកទៅបានណ៎...
នាង៖
មិនមែនខ្ញុំជាអ្នកសុំបែកទេ តែគេជាអ្នកធ្វើបាបខ្ញុំទាំងកាយចិត្ត
ហើយក៏សុំបែកពីខ្ញុំទៅ...
ខ្ញុំ៖
ប្រហែលជាឈឺខ្លាំងហើយមែនទេ ការដែលត្រូវបាន មនុស្សដែលខ្លួនគិតថាព្រមស្មោះស្ម័ក្រគ្នាមួយជីវិត
ព្រមរួមរស់ជាមួយគ្នាដល់ថ្ងៃស្លាប់ មនុស្សតែម្នាក់ដែលគិតថាល្អគ្មានពីរ
តែបែរជាមនុស្សដែលឃោរឃៅ ហ៊ានធ្វើបាបយើងវិញ ទាំងកាយទាំងចិត្ត
ទាំងដែលដឹងហើយថាយើងកំពុងស្រលាញ់គេខ្លាំងស្ទើស្មើរជីវិត...
នាង៖
ឈឺ! វាឈឺស្ទើរស្លាប់ទៅហើយ...
កាន់តែឈឺនៅពេលដែលគេជាអ្នកប្រើពាក្យសុំបែកមុន ទាំងដែលអ្វីគ្រប់យ៉ាងគេជាអ្នកខុស
ខ្ញុំ៖
មែនហើយ! ឈឺខ្លាំងណាស់ពេលដែលត្រូវគេសុំបែក...
តែថ្ងៃនេះមកប្រាប់ខ្ញុំថាឈឺស្ទើរស្លាប់ ចង់សួរវិញថា
ពេលដែលយើងសុំបែកពីខ្ញុំ មានដឹងទេថាខ្ញុំឈឺប៉ុណ្ណា? មានចាំបានទេ
ប្រមាណជាកន្លះឆ្នាំមុន មនុស្សស្រីម្នាក់នេះជាមួយវ៉ាលីសរបស់នាងឈរនៅ
មុខបន្ទុប់នេះរបស់មនុស្សប្រុសម្នាក់នេះ តែមិនមែនក្នុងសភាពបែបនេះទេ
គឺនាងបានកំពុងសុំគេបែកទាំងដែលដឹងថាគេកំពុងស្រលាញ់ខ្លាំង។
យើងប្រហែលជាអាចនិយាយបានថាកំពុងតែឈឺស្ទើរស្លាប់ តែ...
បើប្រៀបធៀបទៅនឹងពេលយើងសុំខ្ញុំបែកវិញ ប្រាប់អោយដឹងចុះថា
ការឈឺចាប់របស់អ្នកថ្ងៃនេះមិនស្មើរនឹងការឈឺចាប់របស់ខ្ញុំសូម្បីតែមួយផ្នែកឡើយ
ហើយក៏សុំឆ្លើយនឹងសំនួរមុននេះត្រង់ៗវិញដែរថា
យើងទាំងពីរគ្មានថ្ងៃដែលអាចត្រូវគ្នាវិញបានទេ